ហេតុតែថ្លើមរបស់អ្នកសំខាន់
ស្ទើរតែគ្រប់ចំណីអាហារទាំងអស់ដែលអ្នកទទួលទាន និងផឹកត្រូវឆ្លងកាត់តាមរយៈថ្លើមរបស់អ្នក។ សូម្បីតែសារធាតុគីមីនានាដែលប៉ះពាល់នឹងស្បែក និងជាតិពុលផ្សេងៗដែលអ្នកដកដង្ហើមចូលក៏ឆ្លងកាត់ថ្លើមរបស់អ្នកដែរ។
ថ្លើមរបស់អ្នកមានកិច្ចការធ្វើប្រហែលជា៥០០មុខខុសៗគ្នា ដើម្បីរក្សាឲ្យខ្លួនប្រាណរបស់អ្នកដំណើរការខ្លួនបានល្អបំផុត។ កិច្ចការ២យ៉ាងសំខាន់ជាងគេ គឺការសម្អាតឈាម និងការជួយកិច្ចការរំលាយអាហាររបស់អ្នក។ ថ្លើមដែលមានសុខភាពល្អក៏ថែមទាំងផ្ទុកថាមពល, ប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺ និងបញ្ចេញចោលសារធាតុពុលផ្សេងៗផងដែរ។
ថ្លើមដែលមានការខូចខាតមិនអាចធ្វើកិច្ចការទាំងនេះបានល្អប្រសើរនោះទេ, ហេតុដូច្នេះវាជាការសំខាន់ ដែលត្រូវថែរក្សាថ្លើមរបស់អ្នកឲ្យមានសុខភាពល្អ។
ភាពពិតរបស់ថ្លើម
- សរីរាង្គនៅខាងក្នុងខ្លួនធំជាងគេ
- ស្ថិតនៅខាងស្ដាំដៃនៃដងខ្លួនរបស់អ្នក, នៅខាងក្រោយនៃឆ្អឹងជំនីរបស់អ្នក
- អាចជួសជុលខ្លួនវាបាន ហើយបង្កើតជាលិកាថ្លើមថ្មីដែលមានសុខភាពល្អ
- កោសិកាថ្លើមជួយបំបែករំលាយជាតិខ្លាញ់ និងផលិតថាមពល
- ឈាមចំនួន១លីត្រកន្លះហូរឆ្លងកាត់ថ្លើមរបស់អ្នករាល់ពេល១នាទី
ជំងឺថ្លើមអាចប៉ះពាល់មនុស្សគ្រប់គ្នា
មានជំងឺថ្លើមជាង១០០ប្រភេទ ហើយជំងឺទាំងនោះអាចប៉ះពាល់ដល់ទាំងមនុស្សចាស់ៗ និងកុមារ។ បណ្ដាជនដែលប្រឈមមុខនឹងការខូចខាតថ្លើមរួមមានប្រភេទមនុស្សដែល៖
- មានទម្ងន់លើស ឬក៏ធំធាត់ជ្រុលហួស ហើយមានថ្លើមដែលសម្បូរខ្លាញ់
- ទទួលទានសុរាច្រើនហួសកម្រិត
- មានវីរុសឆ្លងជំងឺដែលមិនបានព្យាបាល ឬមិនបានត្រូវគេពិនិត្យរោគឃើញ ដូចជាជំងឺរលាកថ្លើមប្រភេទ B និងជំងឺរលាកថ្លើមប្រភេទ C ជាដើម
- មានបញ្ហានឹងប្រព័ន្ធការពាររាង្គកាយដែលនាំឲ្យកើតជំងឺថ្លើម
- កើតមកមានជំងឺថ្លើមមកជាមួយ។
តើជំងឺរលាកថ្លើមជាអ្វី?
ជំងឺរលាកថ្លើម (hepatitis) មានន័យថា ជាការរលាកដល់ថ្លើម។ ថ្លើមដែលរលាកអាចមានពេលខ្លះធ្វើឲ្យឡើងប៉ោងធំ ឬហើម ប៉ុន្ដែមិនតែងតែបែបនេះទេ។ មូលហេតុផ្សេងៗដែលធ្វើឲ្យរលាកថ្លើមអាចមកពីវីរុសជំងឺរលាកថ្លើម, ជាតិសុរា, គ្រឿងញៀន ឬក៏ជាតិខ្លាញ់។ មានពេលខ្លះវាអាចបណ្ដាលមកពីមូលហេតុផ្សេងៗជាច្រើនរួមបញ្ចូលគ្នា។
ការសំឡឹងមើលរកអាការរោគផ្សេងៗ
ថ្លើមដែលមានការខូចខាតអាចបន្ដដំណើរការអស់ពេលយ៉ាងយូរដោយគ្មានបង្ហាញឲ្យឃើញនូវអាការរោគ ឬសញ្ញាផ្សេងៗនៃការខូចខាតឡើយ។ តាមពិតទៅអាការរោគខ្លះនៃជំងឺថ្លើមអាចកើតឡើងដោយយើងមិនបានដឹងដោយសារតែវាមើលទៅជាការមានជំងឺឈឺចាប់ធម្មតា
សកម្មភាពដែលមានសុវត្ថិភាពបំផុត គឺត្រូវនិយាយជាមួយនឹងគ្រូពេទ្យពិនិត្យជំងឺទូទៅ General Practitioner (GP) របស់អ្នក, គ្រូពេទ្យជំនាញឯកទេស, គិលានុបដ្ឋាក Nurse Practitioner (NP) ឬក៏គ្រូពេទ្យថ្លើម ប្រសិនបើលោកអ្នកមានកង្វល់ផ្សេងៗអំពីអាការរោគណាមួយដូចខាងក្រោម៖
- មានអារម្មណ៍មិនសូវស្រួលខ្លួន ឬអស់កម្លាំងគ្រប់ពេលវេលា
- មានភាពស្រួចស្រាវសាច់ ឬក៏ការឈឺចាប់នៅកន្លែងថ្លើម ឬក៏នៅតំបន់ពោះទូទៅ
- មានការរមាស់ទូទាំងខ្លួនប្រាណ ជាពិសេសនៅពេលយប់
- មានការហើមកជើង
- ឡើងលឿង (សាច់ និងភ្នែកមានពណ៌លឿង)
- ទឹកនោមឡើងពណ៌ល្អក់ខ្លាំងមិនធម្មតា ឬឡើងពណ៌ល្អក់មិនឈប់
- មានអារម្មណ៍គិតមិនច្បាស់ព្រោះមិនជ្រះស្រឡះក្បាល (brain fog) ឬក៏មានអារម្មណ៍ខួរក្បាលមិនស្រឡះ
ស្នើសុំឲ្យពេទ្យឆែកមើលថ្លើមរបស់អ្នក
ការព្យាបាលការខូចខាតថ្លើមរបស់អ្នកបានកាន់តែមុនពេលទាន់វេលាឱកាសរបស់អ្នកកាន់តែល្អនៅក្នុងការធ្វើឲ្យសុខភាពថ្លើមរបស់អ្នកកាន់តែប្រសើរ។ ស្នើសុំឲ្យគ្រូពេទ្យ GP ឆែកមើលថ្លើមរបស់អ្នក ប្រសិនបើអ្នកមានកង្វល់។
តើអ្វីហៅថាជាការឆែកមើលថ្លើម?
ជាធម្មតា ការឆែកមើលថ្លើម គឺធ្វើឡើងតាមរយៈការធ្វើតេស្ដឈាម ដែលធ្វើការពិនិត្យមើលថា តើថ្លើមរបស់អ្នកដំណើរការល្អបានប៉ុនណា។ លទ្ធផលឈាមនេះជួយឲ្យគ្រូពេទ្យ GP ជ្រើសរើសការធ្វើតេស្ដដទៃទៀតដើម្បីពិនិត្យបន្ថែម។ ការធ្វើតេស្ដទាំងនោះរួមមាន៖
ការថតឆ្លុះអ៊ុលត្រាសោនថ្លើម/ពោះ៖
- ការផ្សំផ្គុំរូបភាពឌីជីថលនៃថ្លើម និងសរីរាង្គដទៃទៀតនៅជុំវិញក្រពះពោះវៀន
- តម្លៃចំណាយនៃការថតឆ្លុះអ៊ុលត្រាសោនថ្លើម/ពោះ គឺត្រូវកម្មវិធីប្រយោជន៍ថែទាំសុខភាព Medicare Benefits Scheme (MBS) ជួយចេញថ្លៃឲ្យ។ ប្រសិនបើអ្នកកាន់កាត Medicare ចំណាយពេញនៃការថតឆ្លុះនេះនឹងត្រូវរដ្ឋជួយចេញ។
ការថតឆ្លុះរកមើលសម្លាកបែប FibroScan៖
- គឺជាការថតឆ្លុះអ៊ុលត្រាសោនពិសេសដែលប៉ាន់ប្រមាណអំពីសម្លាកផ្សេងៗដែលមាននៅថ្លើម។
- ការថតឆ្លុះបែប FibroScan គេអាចប្រើសេវាកម្មនេះបានដោយមិនគិតថ្លៃតាមរយៈគ្លីនិកព្យាបាលថ្លើមសម្រាប់អ្នកជំងឺសាធារណៈក្រៅមន្ទីរពេទ្យ។ គ្លីនិកព្យាបាលឯកជនអាចយកថ្លៃសម្រាប់ការថតឆ្លុះបែប FibroScan ហើយវាអាចគ្មានការសងឲ្យប្រាក់វិញ (NO REBATE) តាមរយៈ Medicare ឡើយ។
ឱវាទមានប្រយោជន៍សំខាន់ៗក្នុងការរក្សាសុវត្ថិភាព
ការគ្រប់គ្រងចាត់ចែងថ្នាំពេទ្យរបស់អ្នក៖
សូមប្រើតែថ្នាំពេទ្យណាដែលបានចេញវេជ្ជបញ្ជាឲ្យដោយគ្រូពេទ្យ GP, គ្រូពេទ្យជំនាញឯកទេស, គ្រូពេទ្យ NP ឬគ្រូពេទ្យវិកលចរិតរបស់អ្នក។ មិនត្រូវប្រើថ្នាំពេទ្យដែលគ្រូពេទ្យចេញវេជ្ជបញ្ជាលើសចំនួនកម្រិតឲ្យប្រើប្រាស់ជាដាច់ខាត។ ចៀសវៀងការប្រើថ្នាំពេទ្យដែលគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យរួមជាមួយនឹងសុរា និង/ឬ សារធាតុគ្រឿងញៀនខុសច្បាប់ផ្សេងៗ។ ថ្នាំពេទ្យខ្លះដែលប្រើក្នុងកម្រិតបរិមាណខ្ពស់អាចធ្វើឲ្យពុលដល់ថ្លើម (ដូចជាថ្នាំប៉ារ៉ាសេតាម៉ុលជាដើម)។
ឈប់ទទួលទានសុរា ឬទទួលទានមានកម្រិត៖
ការទទួលទានសុរាកាន់តែតិច ការប្រឈមមុខនឹងគ្រោះថ្នាក់ដោយសារសុរាកាន់តែមានតិចតួច។
ចៀសវៀងការជក់បារី ឬជក់កញ្ឆា ឬគ្រឿងញៀនដទៃទៀត។
ជាតិពុល
និងជាតិគីមីផ្សេងៗដែលមាននៅក្នុងផ្សែងបារីអាចធ្វើឲ្យប៉ះពាល់ដល់ថ្លើមរបស់អ្នក។ ការប្រើគ្រឿងញៀន cannabis ក្នុងកម្រិតខ្ពស់អាចបង្កើនការមានសម្លាកដល់ថ្លើម។ មានការប្រឈមមុខមួយដែលនាំឲ្យកើតជំងឺមហារីកថ្លើម ប្រសិនបើអ្នកជក់បារី ឬប្រើគ្រឿងញៀន cannabis។
ប្រើបច្ចេកទេសចាក់ម្ជុលដោយសុវត្ថិភាព៖
ប្រើឧបករណ៍ចាក់ម្ជុលរបស់អ្នកផ្ទាល់ខ្លួនដែលស្អាត។ ប្រសិនបើអាចធ្វើបាន សូមទៅកន្លែងបន្ទប់ចាក់ម្ជុលដែលមានការមើលការខុសត្រូវ។ មិនត្រូវប្រើឧបករណ៍ចាក់ម្ជុលរួមគ្នាជាដាច់ខាត។
ត្រូវប្រុងប្រយ័ត្នចំពោះការចាក់សាក់ និងការចាក់ទម្លុះសាច់រាងកាយពាក់គ្រឿងអលង្ការ។
ជ្រើសរើសប្រើកន្លែងស្ទូឌីយោណាដែលអនុលោមតាមសេចក្ដីណែនាំទប់ស្កាត់ការឆ្លងជំងឺ ហើយដែលប្រើម្ជុលប្រើមួយដងបោះចោល និងថ្នាំចាក់សាក់ដែលមានការសម្លាប់មេរោគ។
អនុវត្ដការរួមភេទដោយសុវត្ថិភាព
ប្រើស្រោមអនាម័យនៅពេលរួមភេទតាមរន្ធយោនី, តាមមាត់ និងតាមរន្ធគូទ។ ការធ្វើដូច្នេះនឹងការពារអ្នកពីការឆ្លងវីរុសតាមរយៈទឹកចេញពីការរួមភេទ ឬតាមឈាម។
អនុវត្ដអនាម័យផ្ទាល់ខ្លួនល្អ។
វត្ថុទាំងឡាយដែលអាចមានប្រឡាក់ឈាមនៅលើវា (ដូចជាច្រាសដុសធ្មេញ, ឡាមកោររោម) មិនគួរប្រើរួមគ្នាទេ។ បោះចោលវត្ថុទាំងឡាយដែលមានប្រឡាក់ឈាមដោយដាក់ទៅក្នុងថង់បិទជិត ហើយដាក់វាក្នុងធុងសំរាម។
ផែនការធ្វើដំណើរ។
ការធ្វើដំណើរនៅក្នុងប្រទេសខ្លះនឹងធ្វើឲ្យលោកអ្នកប្រឈមមុខនឹងកំណើនបញ្ហាឆ្លងជំងឺរលាកថ្លើមប្រភេទ A និង B, ជំងឺគ្រុនចាញ់ ឬក៏ជំងឺគ្រុនលឿង។ និយាយពិគ្រោះជាមួយនឹងគ្រូពេទ្យ GP របស់អ្នកអំពីការចាក់ថ្នាំវ៉ាក់សាំងការពារ និងប្រើទឹកដប ឬទឹកដាំពុះ នៅពេលលោកអ្នកធ្វើដំណើរ។
ជាតិសុរាដាក់សម្ពាធលើថ្លើមរបស់អ្នក
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ឬការរងរបួសពីជំងឺទាក់ទងនឹងជាតិសុរា, បុរស និងស្ដ្រីមិនគួរទទួលទានសុរាលើសពី១០កែវស្ដង់ដារឡើយក្នុងរយៈពេល១អាទិត្យ ហើយមិនត្រូវទទួលទានសុរាលើសពី៤កែវស្ដង់ដារទេក្នុងពេលមួយថ្ងៃ។ ការទទួលទានសុរារបស់អ្នកកាន់តែតិច ការប្រឈមមុខនឹងផលគ្រោះថ្នាក់ដោយសារសុរាមានកាន់តែទាប (NHMRC, 2020)។
ដំណាក់កាលផ្សេងៗនៃជំងឺថ្លើម
មានជំងឺថ្លើមជាច្រើនប្រភេទដែលអាចបណ្ដាលឲ្យមានការខូចខាតជាបន្ដបន្ទាប់ទៅលើកោសិកាថ្លើម។ នៅពេលដែលមានការពិនិត្យរោគដឹងជំងឺថ្លើមកាន់តែឆាប់ទាន់ពេលវេលា គេអាចព្យាបាលវាបានទាន់ពេល។ ជំងឺថ្លើមដែលមិនបានការព្យាបាល អាចនាំឲ្យមានការចុះអន់ខ្សោយដល់តួនាទីមុខងាររបស់ថ្លើម ឬក៏ធ្វើឲ្យខូចថ្លើម។
ការរលាក (Inflammation)
អាចបណ្ដាលមកពីការឆ្លងវីរុស, ជាតិសុរា, បញ្ហាជាមួយនឹងប្រព័ន្ធការពារសារពាង្គកាយ ឬក៏ជាតិពុល។ ការព្យាបាល ឬការដកចេញនូវមូលហេតុដែលនាំឲ្យមានការរលាកនឹងធ្វើឲ្យការរលាកហើមនោះបាត់ទៅវិញ។
ការលូតលាស់ជាលិកាខុសធម្មតា (Fibrosis)
ការកើតឡើងនៃជាលិកាសម្លាក។ នៅពេលដែលជាលិកាធម្មតាដែលមានសុខភាពល្អត្រូវបានប្ដូរទៅជាជាលិកាសម្លាកជាប់ៗគ្នា (collagen)។ នៅក្នុងដំណាក់កាលនេះ សម្លាកជាលិកាថ្លើមអាចមានភាពប្រសើរឡើងវិញ ប្រសិនបើមានការព្យាបាល ឬបំបាត់មូលហេតុដែលធ្វើឲ្យវាខូច។
ជំងឺក្រិនថ្លើម (Cirrhosis)
ជំងឺក្រិនថ្លើម គឺជាស្ថានភាពជំងឺថ្លើមដែលគេមិនអាចធ្វើឲ្យប្រសើរវិញបាន ដោយសារតែជាលិកាថ្លើមត្រូវប្ដូរទៅជាសម្លាកជាលិកាជាអចិន្រ្ដៃយ៍។ ជំងឺថ្លើមដែលក្រិនមានភាពរឹង, មានដុំពកតូចៗ ហើយជាញឹកញយត្រូវរួមតូច។ មុខងារថ្លើមជាញឹកញាប់ត្រូវបានខូចខាតធ្ងន់ធ្ងរ។ ការព្យាបាលអាចទប់ស្កាត់ថ្លើមកុំឲ្យចុះអន់ខ្សោយ, ការពារជាលិកាថ្លើមដែលមានសុខភាពល្អដែលនៅសល់ ហើយផ្ដល់មុខងារថ្លើមខ្លះឲ្យមានភាពល្អដូចដើមវិញ។ មុខងារថ្លើមមានការឡើងចុះៗនៅក្នុងថ្លើមដែលក្រិន។
បញ្ហាក្រិនថ្លើមបង្កើនគ្រោះថ្នាក់របស់អ្នកឲ្យវិវឌ្ឍន៍ទៅកើតជំងឺមហារីកថ្លើម។ គេអាចព្យាបាលជំងឺមហារីកថ្លើមបានជោគជ័យប្រសិនបើមានការរកឃើញទាន់ពេលវេលា។
ការខូចថ្លើម
ការខូចថ្លើម គឺនៅពេលដែលថ្លើមឈប់ដំណើរការមុខងារ។ ដំណាក់កាលនេះ គឺជាស្ថានភាពធ្វើឲ្យជីវិតគ្រោះថ្នាក់ ហើយត្រូវការការថែទាំផ្នែកវេជ្ជសាស្រ្ដជាបន្ទាន់។ ការវះកាត់ប្ដូរថ្លើមអាចជាជម្រើសមួយ។
ការនិយាយលើកឡើងអំពីកង្វល់ផ្សេងៗរបស់អ្នក
ការស៊ើបអង្កេតរកហេតុផលតាមការថតឆ្លុះបែបវិទ្យុសកម្មត្រូវបានរដ្ឋជួយតាមរយៈកម្មវិធីថែទាំសុខភាព Medicare Benefits Scheme (MBS)។ គ្រូពេទ្យ GP ឬ គ្រូពេទ្យគិលិានុបដ្ឋាក NP របស់អ្នកអាចបញ្ជូនអ្នកឲ្យទៅជួបនឹងអ្នកជំនាញឯកទេសជំងឺថ្លើម។
ព្យាយាមនិយាយលេងជាមួយនឹងមិត្ដភក្ដិ និងក្រុមគ្រួសារដើម្បីបានការជួយគាំទ្រផ្នែកផ្លូវអារម្មណ៍ និងភាពពិតជាក់ស្ដែងដែលអាចជួយសម្រួលបញ្ហា។ អ្នកក៏អាចនិយាយជាមួយនឹងអ្នកផ្ដល់ការថែទាំសុខភាពដទៃទៀតដែរ – ក្នុងនោះរួមមានគ្រូពេទ្យគិលាកនុបដ្ឋាយិកា, អ្នកប្រឹក្សាយោបល់, អ្នកព្យាបាលរោគ, ឱសថការី ឬក៏អ្នកជំនាញខាងមុខម្ហូបអាហារ។
ចំពោះព័ត៌មានទូទៅ និងការគាំទ្រ អ្នកក៏អាចទូរសព្ទបានដែរទៅខ្សែ LiverLine តាមលេខ 1800 703 003។
ការគាំទ្រផ្ដល់នូវភាពខុសគ្នាដ៏ធំធេង
អ្នកអាចមានអារម្មណ៍ឯកោ ហើយការព្យាបាលអាចធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំង និងងាយរងគ្រោះ ដូច្នេះការគាំទ្រផ្នែកផ្លូវអារម្មណ៍ជាការល្អប្រសើរបំផុត។
– Grenville អាយុ 56 ឆ្នាំ
អ្នកធ្វើការផ្នែកសុខភាពធ្វើឲ្យមានខុសគ្នាដ៏ល្អប្រសើរ
វាគឺជាអត្ដចរិតរបស់ពួកគេ។ ប្រសិនបើខ្ញុំមានជំងឺ, ខ្ញុំចង់ទៅទីនោះ ហើយឲ្យគេបានដឹងឮ និងបានយល់។
James អាយុ 56 ឆ្នាំ
ខ្សែទូរសព្ទជំនួយជំងឺថ្លើម LIverWELL LiverLine មិនគិតថ្លៃ ហើយអនាមិក។
មានអ្នកជំនាញបានការហ្វឹកហ្វឺននឹងស្ដាប់ដល់កង្វល់ផ្សេងៗរបស់អ្នក និងផ្ដល់ព័ត៌មានបន្ថែម។
ទូរសព្ទទៅលេខ 1800 703 003។
រក្សាថ្លើមរបស់អ្នកឲ្យមានសុខភាពល្អ
កម្មវិធី LiverWELL app គឺជាកម្មវិធីទូរសព្ទចល័តងាយប្រើប្រាស់ ដែលជួយដល់អ្នកចាត់ចែងគ្រប់គ្រងសុខភាពថ្លើមរបស់អ្នក។ វាមានឧបករណ៍ និងឱវាទជំនួយល្អៗជាច្រើន ដែលជួយដល់អ្នករក្សាសុខភាពថ្លើមឲ្យបានល្អប្រសើរ ក្នុងនោះរួមមាន៖
- រៀបចំកំណត់ពេលវេលារំលឹកដល់ពេលត្រូវលេបថ្នាំពេទ្យ
- រៀបចំការណាត់ជួបផ្សេងៗ
- រក្សាទុក និងការតាមដានលទ្ធផលធ្វើតេស្ដផ្សេងៗ
- រក្សាទុកកំណត់ហេតុនានា។
អ្នកអាចស្វែងរកព័ត៌មានបានទាន់ពេលវេលាអំពីសុខភាពថ្លើមនៅក្នុងកម្មវិធីទូរសព្ទចល័ត LiverWELL app ក្នុងនោះរួមមានការទទួលទានអាហារប្រកបដោយសុខភាព, ការធ្វើឲ្យខ្លួនឯងសកម្ម, មានអារម្មណ៍ល្អប្រសើរ និងដឹងខ្លួនអំពីការទទួលទានសុរា។
ការស្វែងរកការគាំទ្រ
www.cancervic.org.au
www.betterhealth.vic.gov.au
info@liverwell.org.au
ខ្សែទូរសព្ទ LiverLine៖ 1800 703 003
ព័ត៌មានទាំងនេះមានលក្ខណៈជាទូទៅ ហើយមិនត្រូវបានតាក់តែងឡើងជាឱវាទផ្នែកពេទ្យនោះទេ។ ចំពោះព័ត៌មានបន្ថែម សូមពិគ្រោះប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ។ NHMRC.(2020).
សេចក្ដីណែនាំរបស់អូស្ដ្រាលីក្នុងការកាត់បន្ថយការប្រឈមមុខសុខភាពផ្សេងៗដោយសារតែការទទួលទានសុរា។
ភាសាខ្មែរ videos
វីដេអូនេះ ពន្យល់អំពីការឆ្លងនិងការបង្ការនៃការឆ្លងមេរោគថ្លើមប្រភេទបេពីម្តាយទៅកូន។ វា ក៏កែតម្រូវការផងដែរពីការយល់ខុសនៃការឆ្លងមេរោគថ្លើមប្រភេទបេតាមរយៈការបំបៅកូនដោយទឹកដោះ ហើយផ្តល់ព័ត៌មានត្រឹមត្រូវពីរបៀបនៃការឆ្លងមេរោគថ្លើមប្រភេទបេនេះ។ វីដេអូនេះ ក៏សង្កត់ធ្ងន់លើសារៈសំខាន់នៃការពិនិត្យសុខភាពជាប្រចាំ និងរបៀបរស់នៅបែបសុខភាព។
វីដេអូនេះ ផ្តល់ព័ត៌មានត្រឹមត្រូវពីការបង្ការនៃការឆ្លងមេរោគថ្លើមប្រភេទបេនៅក្នុងទំនាក់ទំនងផ្លូវភេទ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការពិនិត្យសុខភាពជាប្រចាំនិងរបៀបរស់នៅបែបសុខភាព។
វីដេអូនេះ កែតម្រូវការយល់ខុសពីការឆ្លងមេរោគថ្លើមប្រភេទបេតាមរយៈសកម្មភាពកីឡានានា ហើយផ្តល់ព័ត៌មានត្រឹមត្រូវពីរបៀបនៃការឆ្លងមេរោគនេះ។ វីដេអូនេះ ក៏សង្កត់ធ្ងន់ផងដែរលើសារៈសំខាន់នៃការវិនិច្ឆ័យមេរោគថ្លើមប្រភេទបេនៅដំណាក់កាលដំបូង។